គ្មានអ្នកណាមួយចង់បែកបាក់ជីវិតប្តី-ប្រពន្ធទេ ប៉ុន្តែអ្នកចម្រៀងពេជ្រ សោភា បានជួបរឿងកម្សត់មួយនេះ ដោយនាងមិនចុះចាញ់ព្រហ្មលិខិតមួយនេះឡើយ នាងនៅតែដើរតទៅមុខទៀត ដែលមើលទៅ នាងសើចសប្បាយខំតស៊ូជាមួយសិល្ប: និងខំរំលេចបទចម្រៀងតែងដោយផ្ទាល់ដៃបែបស្នាដៃកូនខ្មែរ ជាមួយលោកដេវីដ ជូនហង្សមាស ។
ជាពិសេស នាងបានបង្ហាញសកម្មភាពច្រើន ជាមួយការងារប្រគំតន្ត្រីបែបមនុស្សធម៌ជួយសង្គម ដែលនាងអាចរំដោះភាពគ្រាំចិត្តបានខ្លះ និងជួយធ្វើបុណ្យសាងកុសលផងដែរ ។ បើទោះបីជាតារាចម្រៀងស្រីល្បីឈ្មោះរូបនេះ មិននិយាយដោយចំៗក៏ដោយថា នាងនិងប្តីបានលែងលះគ្នា ប៉ុន្តែនាងព្រលយថាទំនាក់ទំនងនាងនិងស្វាមី បានបញ្ចប់គឺមានត្រឹមតែជាមិត្តភក្តិប៉ុណ្ណោះ ។
ពេជ្រ សោភា បញ្ជាក់ថា «ខ្ញុំសប្បាយចិត្តនឹងបានស្គាល់គាត់ ប៉ុន្តែខ្ញុំមិនចង់និយាយច្រើនអំពីរឿងហ្នឹងទេ គឺចង់ទុកពេលវេលាជាអ្នកកំណត់ចុះ ប៉ុន្តែពេលនេះ យើងគឺជាមិត្តភក្តិនឹងគ្នា»។
ទោះជាយ៉ាងណា នាងមិនបានទម្លាយអំពីមូលហេតុនៅពីក្រោយការបែបបាក់ប្តីនេះទេ ប៉ុន្តែនាងនៅតែទទួលយកនូវអ្វីដែលនាងបានសម្រេចចិត្ត ។ នាងបន្តថា នាងក៏មិនមានបំណងចេញទៅរស់នៅសហរដ្ឋអាមេរិកទេ នៅពេលនេះហើយស្វាមីនាង ក៏មិនមានបំណងមករស់នៅស្រុកខ្មែរដែរ ។ នាងនៅតែចាត់ទុកជាស្វាមីជាទីប្រឹក្សាល្អ ខណៈដែលនាងមានបញ្ហាជំងឺកន្លងទៅ ។
នាងថា រយៈពេលជាងមួយឆ្នាំហើយ ដែលនាងនិងស្វាមីមិនមានទំនាក់ទំនងអ្វី ហើយក៏មិនដឹងដែរថា ស្វាមីនាងបានធ្វើដំណើរមកកម្ពុជាដែរ ឬយ៉ាងណាទេ ។ ការបញ្ជាក់នេះ គឺកាន់តែច្បាស់ថា ចំណងស្នេហ៍រវាងនាងនិងស្វាមី ពិតជាដើរដល់ផ្លូវបញ្ចប់ ។ នាងថា បើពិតជាបែកគ្នាមែន គឺនាងក៏ទទួលយកបាន ហើយស្វាមីនាង ក៏ទទួលយកបាន គឺគ្មានបញ្ហាទាំងសងខាង។ ក្រៅពីការព្រលយចេញនូវចម្លើយចែកផ្លូវគ្នាដើរតារាស្រីរូបនេះទម្លាយដែរថា រវាងនាងនិងស្វាមីក្រោយរៀបការមិនមានអេតាស៊ីវិលទេ ដែលធ្វើឲ្យនាង និងស្វាមីមិនមានបញ្ហាត្រូវឡើងតុលាការទេពេលលែងលះ ។
គួរបញ្ជាក់ដែរថា តារាចម្រៀងល្បីឈ្មោះចាស់វស្សារបស់ផលិតកម្មហង្សមាស នាង ពេជ្រ សោភា បានរៀបការជាមួយលោកឡៅ ឆលី អាយុជាង៣៤ឆ្នាំ ជាមន្ត្រីយោធា និងជាអាណិកជនរស់នៅសហរដ្ឋអាមេរិក កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៥ ។ ក្រោយរៀបការ នៅសិល្បៈបន្តដដែល ហើយគេក៏មិនដែលបានឃើញពីភាពផ្អែមល្ហែមរវាងនាងនិងស្វាមីដូចគូស្នេហ៍ដទៃនោះទេ ដែលសូម្បីតែគ្រានាងមានជំងឺធ្ងន់ធ្ងរក្តី ។
អ្វីដែលគេសង្ស័យថា ចំណងស្នេហ៍របស់តារាចម្រៀងរូបនេះ បានប្រេះបែកបានក្លាយជាការពិត បើទោះបីជាពួកគេធ្លាប់អះអាងថាចំណងស្នេហ៍នេះនឹងរឹងមាំ ព្រោះតែការស្វែងយល់ចិត្តគ្នាមិនតិចជាង៣ឆ្នាំនោះ ៕



ប្រភព៖ កោះសន្តិភាព
