នាយ​ក្រិន​មិន​ទាន់​ការប្រពន្ធ​ទី ២ យក​លុយ​បើក​ហាង​គ្រឿង​ក្លែម

ភ្នំពេញៈ តារា​កំប្លែង​មាឌ​ល្អិតតែ​ចិត្ដធំ​ នាយ​ក្រិន មិន​ត្រឹមតែ​សំណាង​ល្អមាន​ប្រពន្ធ​ទី ២ អាចរួម​រស់​ជាមួយ​នឹងគ្នា​មិនទាន់​រៀបការ​រហូត​ដល់មាន​បុត្រា១ និង​បុត្រី១ ប៉ុណ្ណោះ​ទេ ស្រាប់​តែថ្មីៗ​នេះ គេឃើញ​តារា​កំប្លែង​ខ្លួនតូច​ពូកែ​វោហារ​ក្នុង​ពិភព​សិល្បៈ​កំប្លែង​ក៏​រំលេច​ចេញ​នូវ​យីហោ​បើកហាង​លក់​គ្រឿង​ក្លែមមួយ​កន្លែង​ឈ្មោះ​ថា «​ជួបគ្នា​នៅហាង​នាយ​ក្រិន» គួរឲ្យ​កោត​សរសើរ និង​ភ្ញាក់​ផ្អើលពី​មហាជន​តែម្តង មាន​ទីតាំង​នៅ​លើ​វិថីលេខ ២០០៤ ។
តារា​កំប្លែង​មានឈ្មោះ​ដើមទេស សុជន ហៅ នាយ ក្រិន ​បង្ហើបប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ឲ្យ​ដឹង​ថា៖ «​គ្រាន់​តែជា​ហាង​តូចតាច​មួយ​ទេ ដោយ​ខ្ញុំមាន​បំណង​ចង់បើក​ដើម្បី​ទុកទៅ​ឲ្យ​ប្រពន្ធ​ខ្ញុំ [ប្រពន្ធ​ទី២ ឈ្មោះ​យ៉ាយ៉ា​] មាន​ការងារ​រកស៊ី​ផ្ទាល់ និង​អាច​ជួយរក​នូវ​ប្រាក់​បន្ថែម​សម្រាប់​ចិញ្ចឹម​កូន​ ហើយ​ខ្ញុំក៏​នៅ​ចាំជួយ​មើល​ផងដែរ»។
នាយក្រិន​បន្ត​ថា៖ «ហាង​នេះយើង​មានតុ​រៀបចំ​ទទួល​ភ្ញៀវ​បាន​ត្រឹមតែ​ប្រមាណ​ ១០ តុ​ប៉ុណ្ណោះ​។ ជាហាង​ប្រភេទ​ ​BBQ និង​គ្រឿង​ក្លែម​។ នៅ​ពេលថ្ងៃ​ត្រង់​យើង​ក៏មាន​រៀបចំ​ម្ហូបបែប​កម្ម៉ង់​ភ្លាមៗ​ដែរ។ ចំណែក​តម្លៃ​វិញ​សមរម្យ​ដូចគេ​ដូចឯង​ ហើយ​ចាប់​ផ្តើម​ដំណើរ​ការលក់​តាំង​ពីថ្ងៃ​សុក្រទី​ ១៤ ខែ​តុលា ដែល​មាន​បម្រើ​មុខម្ហូប​ប្រភេទជា​គ្រឿងក្លែម​គ្រប់​មុខ ស៊ុប​ពពែ​ និង​ភេសជ្ជៈ​គ្រប់​យ៉ាង​ដល់​អតិថិជន»។ ​
ទោះបី​តារា​កំប្លែង​ដែលមាន​មាឌ​ល្អិត ​និងមាន​​វ័យ ៣៧ ​ឆ្នាំ​ រូបនេះ មិនចង់​បង្ហើប​ពីទឹក​ប្រាក់​ដាក់ទុន​អស់​ប៉ុន្មាន​ក្តី តែ​លោក​បន្តឲ្យ​ដឹងដែរ​ថា៖ «មិនដឹង​យ៉ាង​ណា​យ៉ាងណី​ទេ សម្រាប់ការ​រកស៊ី​លើក​ដំបូង​នេះ ព្រោះ​យើង​ជួលដី​គេ​ដើម្បី​រៀបចំ​កន្លែង​បើកជា​ហាងនេះ​ឡើង​ ហើយ​គ្រាន់តែ​​ចំណាយ​ពេល​វេលា​​រៀបចំ​កន្លែង​នោះ​គឺអស់​ជាង​ ២ ​ខែ​ឯណោះ។ តែ​សំណាងល្អ​ចុងភៅ​គឺជា​ប្រពន្ធ​របស់​ខ្ញុំ និង​ប្អូន​ថ្លៃ និង​មានបង​ប្អូន​ខាងសាច់​ញាតិ​ប្រពន្ធ​មក​ជួយការ​ងាផង​ដែរ»។​​
ក្រោយពី​ចូល​ប្រឡូក​នៅក្នុង​វិស័យ​សិល្បៈ​កំប្លែង​បាន​ប៉ុន្មាន​ឆ្នាំ ហើយ​ក៏មាន​កិត្តិ​យស​កេរ្តិ៍ឈ្មោះ​ខ្លាំង​គួរសម​នោះ នាយ​​ក្រិន ក៏​បាន​ផ្សារភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​នារី​អ្នកអ៊ុត​សក់ម្នាក់​នៅឯ​ក្រុង ព្រះ​សីហនុ ឈ្មោះ ហ៊ិន ចាន់​ធឿន ហៅ សុ​វណ្ណារ៉ា ហើ​យ​ពួកគេ​ក៏បាន​សម្រេច​ចិត្ត​ចូល​រោងការ​គួរឲ្យ​ភ្ញាក់ផ្អើល​កាលពី ថ្ងៃទី​ ២៨ ខែ​ឧសភា ឆ្នាំ២០០៩ ក្រោម​ការជួយ​ឧបត្ថម្ភ​​នាយ​កុយ ជា​ឪពុក​ធម៌ និង​មានកូន​ប្រុស​ដំបូង​ ​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ២០១០ ឈ្មោះ​ សុ​ជុន ចាន់វីរៈ។
ខណៈ​មួយ​ឆ្នាំ​ក្រោយ​អ្វី​ដែល​កាន់ឲ្យ​មាននូវ​ការ​ភ្ញាក់ផ្អើល​ដ៏ខ្លាំង​ទៀតនោះ​ស្ងាត់ៗ​ នាយ​ក្រិន ក៏​ស្រាប់តែ​បាន​ដាក់​នូវ​ពាក្យប្តឹង​លែង​លះ​ទៅដល់​ឯ​សាលា​ដំបូង​​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ៨ ខែ​កុម្ភៈ ឆ្នាំ២០១១ ដែល​ជាការ​សុំផ្តាច់​នូវ​ចំណង​ស្នេហ៍​ជាមួយ​ប្រពន្ធទី ១ របស់​លោក​ គឺនាង​ហ៊ិន ចាន់ធឿន​នៅ​ក្រោម​មូល​​ហេតុថា ​​ការរស់​នៅ​ជាមួយ​មិនចុះ​សម្រុង​នឹងគ្នា៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏
ស៊ែរបន្តទៅកាន់ Google Plus