រាជធានីភ្នំពេញ ៖ រថយន្តសាំយ៉ុង១គ្រឿង បានបើកបោះពួយក្នុងល្បឿនយ៉ាងលឿនដូចព្រួញជែងយានយន្តដែលកំពុងបើកបរនៅខាងមុខស្របគ្នា ហើយបានជ្រុលទៅបុកម៉ូតូ១គ្រឿង ដែលបើកបរ និងជិះដោយយុវជន២នាក់ពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ ហើយបានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់ដល់ពាក់កណ្ដាលផ្លូវ បន្ទាប់មកអ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់ស្រមោល។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនោះបានកើតឡើង កាលពីវេលាម៉ោង៤និង១០នាទី រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតកន្លែងលក់សាច់ក្រក ស្ថិតក្នុងភូមិគល់ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យុវជនរងគ្រោះខាងលើនោះម្នាក់ឈ្មោះ អឿន អាង អាយុជាង២០ឆ្នាំ និងម្នាក់ទៀតឈ្មោះ ផាត ពិសិដ្ឋ អាយុ២៤ឆ្នាំ អ្នកទាំងពីរនាក់នេះ មានទីលំនៅក្នុងភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ចំណែកស្ត្រីម្នាក់ដែលត្រូវជាម្ដាយរបស់សាកសព ពេលឃើញកូនស្លាប់បែបនេះ ក៏រន្ធត់រហូតដល់សន្លប់បាត់ស្មារតី និងត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដែរ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូ១គ្រឿងម៉ាក ស៊ុយហ្ស៊ុយគីស្មាស់វី ពណ៌ក្រហម ឌុបគ្នាធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ ខណៈនោះស្រាប់តែមានរថយន្តសាំយ៉ុងពណ៌ស១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2H-0133 បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីកើតទៅលិច ក្នុងល្បឿនលឿនជែងយានយន្តនៅខាងមុខជាបន្តបន្ទាប់ មិនដឹងថាប្រញាប់ទៅណានោះឡើយ។
ខណៈនោះស្រាប់តែរេចង្កូតជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងទាំងកំរោល បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែជាអកុសលពេលដឹកទៅដល់ពាក់កណ្ដាលផ្លូវ ក៏បានស្លាប់ម្នាក់ទៀត។ ដោយឡែកម៉ូតូរងការខូចខាតទាំងស្រុង រីឯរថយន្តរងការខូចខាតផ្នែកខាងមុខ និងធ្លាក់កាងមុខ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្ក បានចុះរត់ចោលរថយន្តគេចខ្លួនបាត់ស្រមោល ហើយកម្លាំងនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យ បានចុះទៅអន្តរាគមន៍វាស់វែង និងបានប្រគល់សពទៅឲ្យក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី រួចទើបនាំយករថយន្ត និងម៉ូតូទៅរក្សាទុក រង់ចាំការដោះស្រាយតាមច្បាប់ ប៉ុន្តែប្រជាពលរដ្ឋបានរង់ចាំមើល នគរបាលស្រាវជ្រាវរកអ្នកបើកបររថយន្តបង្កនោះឃើញឬមិនឃើញ៕ 

ប្រភព៖ កោះសន្តិភាព


ប្រភព៖ កោះសន្តិភាព