ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែមកដល់ពេលនេះ ក្រុមជនខិលខូចដែលបានលួចចូលទៅកាប់ដើមធ្នង់ ជាប្រ ភេទឈើប្រណិតមានមុខកាត់ធំៗ អស់ចំនួន២៣ដើមពីក្នុងព្រៃសហគមន៍ពោធិជ្រកជម្រកឫទ្ធីសែន ស្ថិតក្នុងភូមិដំណាក់កកោះ ឃុំពោធិ ស្រុកកំពង់លែង ពុំទាន់ត្រូវបានវែកមុខ ចាប់ខ្លួនយកមកផ្ទន្ទាទោសតាមផ្លូវច្បាប់ ធ្វើឲ្យមានការព្រួយបារម្មណ៍ថា បទល្មើសបែបនេះនឹងកើតមានជាថ្មីទៀត ព្រោះតែក្រុមជនខិលខូចត្រូវបានមន្ត្រីជំនាញ និងសហគមន៍បានកំណត់មុខសញ្ញា ច្បាស់ប្រមាណ ៩០ភាគរយទៅហើយ មិនទាន់ត្រូវបានតុលាការ ឬមន្ត្រីជំនាញណាកោះហៅមកសាកសួរនៅឡើយទេ។
ប្រធានសហគមន៍ពោធិជ្រកជម្រកឫទ្ធីសែន លោក នៅ យឿង បានប្រាប់ឲ្យដឹងថា ក្នុងអំឡុងកាន់បិណ្ឌ គឺមុនភ្ជុំបិណ្ឌ មានក្រុមជនខិលខូចបានធ្វើសកម្មភាពទៅលួចកាប់យកដើមធ្នង់ធំៗមានមុខកាត់៥តឹកចុះក្រោមអស់ចំនួន២៣ដើមពីក្នុងព្រៃសហគមន៍ ។ ក្រោយមកនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ទើបបែកការណ៍ដឹងដល់សហគមន៍ និងអាជ្ញាធរមូលដ្ឋាន បាននាំគ្នាទៅពិនិត្យមើលឃើញពិតជាអស់ដើមឈើប្រភេទធ្នង់ ជាប្រភេទឈើប្រណិតអស់២៣ដើមពិតមែន ហើយបានឃើញនៅសល់ចំនៀរឈើខ្លះ និងកំណាត់ឈើចំនួន១០ដុំ ត្រូវបានយកមករក្សាទុកនៅសាលាឃុំពោធិ ស្រុកកំពង់លែង និងបានរាយការណ៍ជូនមន្ត្រីជំនាញ ក្រោយមកឃើញមន្ត្រីរដ្ឋបាលព្រៃឈើចុះធ្វើកំណត់ហេតុ តែមកដល់ពេលនេះនៅមិនទាន់មានឃើញកោះហៅជនសង្ស័យណាម្នាក់ទៅសាកសួរឡើយ ។ ក្នុងនាមលោកជាប្រធានសហគមន៍ លោកសូមអំពាវនាវដល់គ្រប់ស្ថាប័នទាំងអស់ រួមទាំងតុលាការសូមស្រាវជ្រាវវែកមុខ ក្រុមជនខិលខូច ទាំងនោះយកមកផ្តន្ទាទោសទៅតាមច្បាប់។
ជុំវិញករណី ជនល្មើសលួចកាប់ឈើធ្នង់ពីក្នុងព្រៃសហគមន៍ខាងលើនេះ នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ទទួលបន្ទុកស្រុកកំពង់លែង លោក ហោ ដារ៉ា បាននិយាយអោយដឹងថា ពេលនេះមន្ត្រីជំនាញ កំពុងស្រាវជ្រាវ និងកសាងសំណុំរឿង តែពេលនេះមិនទាន់ហ៊ានថាឈ្មោះណាឲ្យពិតប្រាកដនោះទេ ទោះថា ពេលនេះបានកំណត់មុខសញ្ញាបាន៩០ភាគរយហើយក៏ដោយ។ ក្នុងរឿងនេះ មាននាយរងសង្កាត់២នាក់ បានចុះទៅស្រាវជ្រាវក្នុងរឿងនេះដែរ។
លោកបានបញ្ជាក់ថា ព្រៃសហគមន៍ទីនោះ គឺជាចម្ការពូជដើមធ្នង់ ជាង២០ហិកតា មានដើមធ្នង់រាប់ម៉ឺនដើម ដែលខណ្ឌរដ្ឋបាលជលផល បានថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុត។ ទោះបីបែនេះក្តី មានប្រភពពីតំបន់នោះ បានឲ្យដឹងថា បទល្មើសកាប់ដើមធ្នង់២៣ដើមក្នុងព្រៃសហគមន៍ខាងលើ គឺមានពាក់ព័ន្ធដល់ម្ចាស់សិប្បកម្មអត់ច្បាប់ម្នាក់ នៅក្រោយខ្នងប្រជាពលរដ្ឋ និងមានការឃុបឃិតពី អាជ្ញាធរមូលដ្ឋានផងដែរ ដែលមន្ត្រីជំនាញ និងតុលាការគួរចាត់ការរឿងនោះឲ្យបានឆាប់បំផុតមិនត្រូវបណ្ដោយឲ្យជនល្មើសរូចខ្លួនឡើយ៕ 


ប្រភព៖ កោះសន្តិភាព



ប្រភព៖ កោះសន្តិភាព