យាយ​ព្រឿ​ង​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់​បញ្ចូល​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កាលពី​រៀលថ្ងៃ​ទី​១៥ តុលា ២០១៦ បាន​នាំ​ខ្លួន​មេ​ក្លោ​ង​ឈ្មួញ​ឈើ​នៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ឈ្មួញ​ឈើ​រូប​នោះ​ឈ្មោះ ហេង សុខ​នាង ហៅ​យាយ​ព្រឿ​ង ភេទ​ស្រី អាយុ​៥៧​ឆ្នាំ ជនជាតិ​វៀតណាម អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់ និង​ក្រុង​ស្ទឹង​ត្រែង​។ គួរ​បញ្ជាក់​ថា​យាយ​ព្រឿ​ង ជា​ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​ភូមិភាគ​ឦសាន និង​មាន​ទីតាំង​ស្តុក​ឈើ​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ខេត្តស្ទឹងត្រែង ត្រូវ​បាន​កម្លាំង​ក្រុម​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤​ទាប​ភ្លឺ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ នៅ​ក្នុង​បរិវេណ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់ ខេត្តស្ទឹងត្រែង បន្ទាប់​ពី​មេ​ឈ្មួញ​ដ៏​ធំ​រូប​នេះ បាន​យក​រថយន្ត​២​គ្រឿង និង​កម្មករ​៧​នាក់​មាន​បំណង​ទៅ​រំដោះ​យក​ឈើ ដែល​សមត្ថកិច្ច​បង្ក្រាប​ចាប់ ហើយ​នាំ​យក​ទៅ​រក្សា​ទុក នៅ​ក្នុង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​នោះ​។
គួរ​បញ្ជាក់​ទៀត​ថា កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​ព្រៃឈើ​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ស្រាវជ្រាវ​រក​ឃើញ​គំនរ​ឈើ​ដ៏​ច្រើន ត្រូវ​បាន​គេ​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ដីចម្ការ ស្ថិត​ក្នុងភូមិ​ឃុំ ស្រែ​ក្រសាំង ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។ ដែល​ឈើ​ទាំងនោះ ជា​ប្រភេទ​ឈើប្រណិត និង​មាន​ចំនួន​ដ៏​ច្រើន​ត្រូវ​បាន​ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ ដឹក​ជញ្ជូន​ឈើ​ទាំងនោះ​យក​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​តាំងពី​រសៀល​ថ្ងៃ​ទី​១២ ខែតុលា រហូត​ដល់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ ទើប​រួចរាល់ ដែល​ឈើ​ទាំងនោះ មាន​ចំនួន​៦​រថយន្ត​សាំ​យ៉ុ​ង និង​៦​រថយន្ត​បែន​ដឹក​ដី​។
បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់​យក​ឈើ​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់ ស្រាប់តែ​នៅ​វេលា​ម៉ោង​៤​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ ក៏​មាន​វត្តមាន​យាយ​ព្រឿ​ង ថៅកែ​ឈ្មួញ​ឈើ​ល្មើសច្បាប់​នោះ​នាំ​កម្មករ​៧​នាក់ និង​រថយន្ត​២​គ្រឿង ១​គ្រឿង​ម៉ាក​បា​ឡែ​ន ពណ៌​ស និង​មួយ​គ្រឿង​ទៀត​ម៉ាក​សាំ​យ៉ុ​ង ចូល​ទៅ​រំដោះ​ឈើ និង​ឡោម​ព័ទ្ធ​ទៅ​លើ​កងកម្លាំង​សមត្ត​កិច្ច ដែល​កំពុង​យាម​នៅ​ក្នុង​ទីតាំង​នោះ​ថែម​ទៀត​។
ឃើញ​ដូច្នោះ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន យាយ​ព្រឿ​ង ក្នុង​បទល្មើស​ជាក់ស្តែង ពោល​គឺ​ចង់​រំដោះ​ឈើ​នៅ​ក្នុង​បរិវេណ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​អូរ​ពងមាន់​។ ដោយឡែក​កម្មករ​៧​នាក់ ត្រូវ​បាន​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​។ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ យាយ​ព្រឿ​ង ចូល​មក​រំដោះ​ឈើ សង្ស័យ​មាន​អំពើ​ឃុបឃិត​គ្នា​ណាមួយ រវាង​រដ្ឋបាល​ព្រៃឈើ ជាមួយនឹង​យាយ​ព្រឿ​ង ខណៈ​ឈើ​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​រួចរាល់ រួម​ទាំង​ចាក់សោ តែ​មាន​វត្តមាន​យាយ​ព្រឿ​ង ចូល​ទៅ​ក្នុង​បរិវេណ​ជាមួយនឹង​កម្មករ​៧​នាក់ ដើម្បី​រំដោះ​ឈើ ចំណុច​នេះ​មាន​ន័យ​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ប្រចាំការ​នៅ​ទីនោះ អាច​ចាក់សោ​ឲ្យ​ក្រុម​យាយ​ព្រឿ​ង​ចូល រួចខ្លួន​បែរជា​ទៅ​សម្ងំ​ដេក​ដើម្បី​បំភ័ន្ត​សមត្ថកិច្ច​។
មួយ​រយៈ​កន្លង​ទៅ​នេះ ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បំពេញការងារ​ដ៏​សស្រាក់សស្រាំ ចុះ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដូច​ជា​ករណី ឈើ​ជា​ច្រើន​កំណាត់​នៅ​ក្នុង​ដីចម្ការ ស្ថិត​នៅ​ក្នុងភូមិ ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក គឺ​ឈ្មួញ​យាយ​ព្រឿ​ង នេះ​តែ​ម្តង បាន​យក​ទៅ​លាក់​ទុក​ស្ទើរតែ​គ្រប់​ទីកន្លែង ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក​ក្នុង​ការ​រុករក​។ ពាក់ព័ន្ធ​ទៅ​នឹង​ករណី ដែល​យាយ​ព្រឿ​ង នាំ​កម្មករ​ទៅ​រំដោះ​ឈើ​នៅ​ក្នុង​បរិវេណ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​នេះ មិន​ត្រឹមតែ​សង្ស័យ​ថា ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់​លោក ឆៀង តុលា មាន​ករណី​ឃុបឃិត​គ្នា​ជាមួយ​យាយ​ព្រឿ​ង ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​ករណី រដ្ឋបាល​ព្រៃឈើ​ប្រើប្រាស់​រថយន្ត និង​កម្មករ​មក​ដឹក​ជញ្ជូន​ឈើ​នៅ​ក្នុង​ដីចម្ការ​ខាងលើ ដែល​ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ប្រគល់​ឲ្យ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា ជំនាញ​រដ្ឋបាល​ព្រៃឈើ បាន​យក​រថយន្ត និង​កម្មករ​របស់​យាយ​ព្រឿ​ង មក​ធ្វើ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ​ទាំងនេះ យក​ទៅ​រក្សា​ទុក និង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​ផង​ដែរ​។
ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ឈាន​ដល់​ឃាត់ខ្លួន​យាយ​ព្រឿ​ង ដែល​ជា​ឈ្មួញ​ល្មើសច្បាប់​ដ៏​ធំ​នៅ​ភូមិភាគ​ឦសាន ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​មានការ​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ខិតខំ​បំពេញការងារ​របស់​ខ្លួន រហូត​ទទួល​បាន​លទ្ធផល​ជោគជ័យ​។ ទន្ទឹម​នេះ​ផង​ដែរ​សមត្ថកិច្ច​ក៏​បន្ត​នីតិវិធី បើក​ការ​ស្រាវជ្រាវ​ពី​បញ្ហា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ថា​មាន​ពាក់ព័ន្ធ​ជាមួយនឹង​យាយ​ព្រឿ​ង ឈាន​ដល់​ការ​ឃុបឃិត រំដោះ​ឈើ​នៅ​ក្នុង​បរិវេណ​ដែល​ខ្លួន​គ្រប់គ្រង​ថែម​ទៀត​នោះ​។ យាយ​ព្រឿ​ង ក្រោយ​ពី​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ត្រូវ​ផ្ទេរ​ស្ថាប័ន​តុលាការ គឺ​ពី​ខេត្តស្ទឹងត្រែង​មក​សាលាដំបូង​រា​ធានី​ភ្នំពេញ​វិញ ដូច្នេះ​ហើយ​បានជា​នៅ​រសៀល​ថ្ងៃ​ទី​១៥ តុលា កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បញ្ជូន​យាយ​ព្រឿ​ង​ទៅ​កាន់​សាលាដំបូង ដើម្បី​ធ្វើការ​សាកសួរ និង​ចោទប្រកាន់​លើ​បទល្មើស​ជា​ផ្លូវ​ការណ៍​៕
ប្រភព៖​ កោះសន្តិភាព
ស៊ែរបន្តទៅកាន់ Google Plus