សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ឧបត្ថម្ភ​ថវិកា​១០​លាន​រៀល ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ក្នុង​ខេត្តសៀមរាប

រាជធានី​ភ្នំពេញ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ឧបត្ថម្ភ​ថវិកា ១០​លាន​រៀល​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​នៅ​ក្នុង​ខេត្តសៀមរាប តាម​រយៈ​ពិធីបុណ្យ​បេតិកភណ្ឌ ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នេះ​។ ការ​ឧបត្ថម្ភ​ថវិកា​នេះ បាន​ធ្វើ​ឡើង​នា​ល្ងាច​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៦ តាម​រយៈ​លោកស្រី ម៉ែ​ន នារី​សោ​ភ័គ អគ្គលេខាធិការ​រង​ទី​១ កាកបាទក្រហមកម្ពុជា និង​សហការី ដែល​បាន​អញ្ជើញ​ចូលរួម​ពិធី «​បុណ្យ​បេតិកភណ្ឌ​» នៅ​សាល​មហោស្រព​ចតុមុខ​។
ពិធីបុណ្យ​បេតិកភណ្ឌ ត្រូវ​បាន​រៀបចំ​ឡើង​មាន​រយៈ​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់ទី​១៦ ខែតុលា ឆ្នាំ​២០១៦​។ ពិធីបុណ្យ​នេះ​រៀបចំ​ដោយ «​សមាគម​មរតក​ហ្វូ​ណ​ន​» ក្នុង​គោលបំណង​រំឭក​ខួប ១៣​ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​របាំ​ព្រះ​រាជ្យទ្រព្យ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​ខួប ១១​ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​ល្ខោនស្បែក​ធំ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ព្រមទាំង​ជួយ​ជម្រុញ​ឲ្យ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ ជួយ​អភិរក្ស និង​អភិវឌ្ឍន៍​វប្បធម៌ អរិយធម៌​ខ្មែរ​ឲ្យ​មាន​ភាព​រីក​ចម្រើន​តទៅ​មុខ និង​ស្វែងរក​មូលនិធិ ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ នៅ​ខេត្តសៀមរាប​។
ពិធីបុណ្យ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ឧបនាយករដ្ឋមន្ត្រី យឹ​ម ឆៃ​លី តំណាង​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​។ លោកស្រី អ៊ឹម សុ​ផា ប្រធាន​សមាគម​មរតក​ហ្វូ​ណ​ន បាន​សម្ដែង​ការ​ដឹងគុណ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ដែល​បាន​ជួយ​ឧបត្ថម្ភ ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ តាម​រយៈ​ពិធីបុណ្យ​បេតិកភណ្ឌ​៕
ប្រភព៖​ កោះសន្តិភាព
ស៊ែរបន្តទៅកាន់ Google Plus