សម្ដេច​តេ​ជោ​ផ្ដល់ប្រាក់​ចំនួន​១០​លាន​រៀល​ដល់​បុណ្យសព​លោក​សេក បរិសុទ្ធ​ ​

(​ភ្នំពេញ​) ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​១០​លាន​រៀល ដល់​ក្រុមគ្រួសារ​សព​លោក​សេក បរិសុទ្ធ អ្នកកាសែត​ជើងចាស់ ដែល​បានទទួល​មរណភាព​ដោយ​ជួប​គ្រោះថ្នាក់​ក្រឡាប់​​រថយន្ត​នៅ​ស្រុក​សំបូរ ខេត្តក្រចេះ នៅ​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦​នេះ​។​

​ចំពោះ​មរណភាព​នេះ កាកបាទក្រហមកម្ពុជា​ក៏បាន​ឧ​បត​ម្ភ​ថវិកា​ចំនួន​២​លាន​រៀល លោ​ខៀវ កាញ​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​​ចំនួន​៥០០​ដុល្លារ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​និង​សមាជិក ២​លាន​៥​សែន​រៀល អង្គភាព​ព័ត៌មាន​ហ្វ្រេស​ញូ​វ ចំនួន​២​លាន​រៀល អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា (TVK) ចំនួន​១​លាន​រៀល​និង​សប្បុរសជន​មួយចំនួនទៀត​។​

​លោក សេក បរិសុទ្ធ​អាយុ​៥០​ឆ្នាំ រួមជាមួយ​បុគ្គលិក​២​នាក់​ទៀត​ក្នុង​អង្គការ​AEA​របស់លោក​បាន​កំពុងធ្វើដំណើរ​ទៅ​បំពេញបេសកកម្ម​​ការងារ​ខេត្តរតនគិរី​តាម​រថ​យន្ត​ម៉ាក​ហ្វ​ត​ពណ៌​មាស​ពាក់​ស្លាក​លេខ OMG442002 ស្រាប់តែ​ដល់​ស្រុក​សំបូរ​ខេត្តក្រចេះ​ក៏​ជួប​គ្រោះ​​អកុសល​តែម្តង​។​

​ប៉ូលិស​បាន​ឲ្យ​ដឹងថា ពេល​រថយន្ត​ម៉ាក​ហ្វ​តរបស់​អង្គការ AEA​ធ្វើដំណើរ​ពី​ទិស​ត្បូង​ទៅ​ជើង​ដល់​ចំណុចកើតហេតុ​ក៏​គេច​ក្មេង​រត់​ឆ្លង​​កាត់​ផ្លូវ​នាំអោយ​ក្រឡាប់ បណ្តាល​ឲ្យ​លោក សេក បរិសុទ្ធ ដែល​អង្គុយ​នៅខាងមុខ​ជាប់​ជាមួយ​តៃកុង គៀប​ជាប់​ជាមួយ​រថយន្ត​ស្លាប់​​ភ្លាមៗ​តែម្តង​។ ដោយឡែក​ជនរងគ្រោះ​២​នាក់​ទៀត មាន​ស្រី​ម្នាក់​អង្គុយ​ពីក្រោយ បាន​រងរបួស​ធ្ងន់​ស្រាល​។​

​សព​លោក សេក បរិសុទ្ធ ត្រូវបាន​ក្រុមគ្រួសារ​កំពុង​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕លេខ​ទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង​ចូល​បុណ្យសព​លោក សេក បរិសុទ្ធ​៖ 017 608 006
ស៊ែរបន្តទៅកាន់ Google Plus