ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង២០នាទី រសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ ដែលឃ្លាំងខាងលើគ្មានយីហោ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ឃ្លាំងនោះមានទំហំធំ ប៉ុន្តែមិនដឹងថាមានប៉ុន្មានម៉ែត្រការ៉េនោះទេ សាងសង់ពីដែកប្រក់ដំបូលស័ង្កសី និងបិទបាំងជញ្ជាំង ដោយសង្ក័សីមួយផ្នែក និងរៀបឥដ្ឋមួយផ្នែក។
ហើយនៅក្នុងនោះមានផ្ទុកទៅដោយក្រដាសកាតុងជាច្រើន រួមជាមួយរានឈើ សម្រាប់តម្កល់ក្រដាសកាតុងជាច្រើនទៀតផងដែរ។ ខណៈនោះត្រូវបានភ្លើងឆាបឆេះអស់មួយចំនួនធំ ប៉ុន្តែមិនដឹងថាគិតជាទឹកប្រាក់ ប៉ុន្មាននោះឡើយ ដោយនៅមុនពេលកើតហេតុ មិនមានមនុស្សចាស់ធ្វើការនៅក្នុងនោះទេ គឺមានតែក្មេងៗ ប៉ុន្មាននាក់ប៉ុណ្ណោះលេងនៅក្នុងនោះ ហើយក្មេងៗទាំងនោះ បាននាំគ្នាយកដែកកេះដុតលេង ទើបបណ្ដាលឲ្យមានការឆាបឆេះក្រដាសកាតុង យ៉ាងសន្ធោសន្ធៅតែម្ដង។
ប្រភពដដែលបានបន្តថា ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើល ហើយអ្នកជិតខាងបាននាំគ្នា ជួយដងទឹក ដែលលិចផ្លូវមុខឃ្លាំងនោះស្រាប់ ទៅជះពន្លត់ភ្លើង ចំណែកខាងអាជ្ញាធរមូលដ្ឋាន បាននាំគ្នាចេញទៅជួយ អន្តរាគមន៍ ដោយនាំយករថយន្តពន្លត់អគ្គីភ័យ ចំនួន២គ្រឿងទៅជាមួយផង ជួយបាញ់ពន្លត់រហូតភ្លើងរលត់ទៅវិញភ្លាមៗ មិនបានឆេះក្រដាសកាតុង និងរានសម្រាប់តម្កល់កាតុងនៅក្នុងនោះទាំងស្រុងឡើយ។ ហើយក៏មិនបានឆេះរាលដាលដល់លំនៅស្ថានដែលស្ថិតនៅជាប់នោះដែរ ជាពិសេសមិនបានបណ្ដាលឲ្យក្មេងៗទាំងនោះរងគ្រោះថ្នាក់នោះឡើយ។ ទន្ទឹមនឹងនេះអាជ្ញាធរបានក្រើនរំលឹកដល់ ម្ចាស់ឃ្លាំងខាងលើ ត្រូវមានការប្រុងប្រយ័ត្នកុំធ្វេសប្រហែសឲ្យកើតមានរឿងបែបនឹងទៅថ្ងៃក្រោយទៀត៕
ប្រភព៖ កោះសន្តិភាព