រាជធានីភ្នំពេញ ៖ កញ្ញាដួង ម៉ានិច ជាតារានិយមបង្ហាញភាពសិចស៊ី តែនាងមិនហ៊ានថតអាក្រាតកាយក្នុងខ្សែភាពយន្តទេ គឺ«សុំចុះចាញ់» តារាស្រីមួយចំនួនដែលក្លាហានបែបនោះ ។
ការនិយមភាពសិចស៊ីនាំឱ្យគេយល់ថា កញ្ញាដួង ម៉ានិច អាចនឹងមានចិត្តក្លាហានហ៊ានសម្តែង ឈុតឆាកអាក្រាតកាយ តែមិនដូច្នោះទេ គឺនាងមិនហ៊ាន ។ មុននេះកញ្ញាឌុច លីដា បានបង្កភាពភ្ញាក់ផ្អើលដោយហ៊ានសម្តែងឈុតអាក្រាតកាយក្នុងរឿង «នារីវេទមន្ត» របស់ផលិតកម្មរ៉ុក ។ ម្ល៉ោះហើយទើបគេគិតថា កញ្ញាដួង ម៉ានិច អាចថតឈុតពិសេសបែបនេះដែរ ។
កញ្ញាដួង ម៉ានិច កាលពីពេល ថ្មីៗកន្លងមកនិយាយថា «បើទោះជាលក្ខខណ្ឌបែបណាក៏នាងខ្ញុំមិនអាចមានចិត្តស្លុយថតបែបជាឈុតឆាកអាក្រាតកាយដូចតួអង្គផ្សេងឡើយ ទោះជាមានតម្លៃបែបណា ឬស៊ីថ្លៃយ៉ាងម៉េចក៏ដោយ។ ក្នុងការសម្តែងនាងខ្ញុំពិតជាហ៊ានសម្តែងឈុតផ្សេងៗ ហើយកន្លងមកនាងខ្ញុំធ្លាប់សម្តែងឈុតសិចស៊ីច្រើនដែរ ទាំងថតចម្រៀងខារ៉ាអូខេ និងថតភាពយន្ត ប៉ុន្តែដូចជាមិនមានឈុតស្រាតអីលាយឡំសោះឡើយក្រៅពីបញ្ចេញដើមទ្រូងសិចស៊ីតិចតួច ឬគល់ភ្លៅ ។ យ៉ាងណានាងខ្ញុំសុំសរសើរដល់មិត្តសិល្បការរិនីមួយចំនួនគាត់ហ៊ានថតអាក្រាតកាយ នេះបញ្ជាក់ថា គាត់ពិតជាស្រឡាញ់សិល្បៈណាស់ ហើយអ្នកមានបេះដូងសិល្បៈពិតប្រាកដគឺពិតណាស់សម្តែងអ្វីក៏គេហ៊ានដែរ នេះនាងខ្ញុំសុំសរសើរ ។ យ៉ាងណាមិញ ចំពោះនាងខ្ញុំឈុតសម្តែងបើត្រឹមតែបញ្ចេញសាច់ខ្នងទាំងអស់គឺហ៊ាន តែលើសនេះមិនហ៊ានទេ ។
ប្រទេសយើងខុសពីប្រទេសជិតខាង ដោយប្រទេសជិតខាងគឺនាងខ្ញុំទទួលស្គាល់ថា តារាសម្តែង ល្បីៗរបស់គេពិតជាហ៊ានថតស្រាតទាំងប្រុសទាំងស្រី តែសម្រាប់កម្ពុជាយើងមិនទាន់ឈានដល់កម្រិតនេះឡើយ គឺមើលទៅនៅមិនហ៊ាននោះទេ ។ អ្វីដែលសំខាន់គឺនាងខ្ញុំខ្លាចការរិះគន់ ទោះជាយើងហ៊ាន តែសង្គមយើងគឺមិនទាន់អាចឆ្លើយតបរូបភាពបែបនេះដែរ» ។
ទាក់ទិននឹងការងារសិល្បៈ ដួង ម៉ានិច កំពុងបង្ហាញទេពកោសល្យសម្តែងក្នុងខ្សែភាពយន្តបីរឿងសុទ្ធតែជារឿងភាគ ។ រឿងទាំងនោះកំពុងបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ស៊ីធីអិន និងរឿងខ្លះត្រៀមចាក់បញ្ចាំងនៅទូរទស្សន៍ប៉ុស្តិ៍លេខ៥។ ចំពោះតម្លៃខ្លួនៃការសម្តែង ម៉ានិចទទួលបានចាប់ពីជិត២ពាន់ដុល្លារឡើងទៅ ។
តារាស្រស់សោភា ដួង ម៉ានិច បញ្ជាក់ថា នាងហែលឆ្លងការងារសិល្បៈជិត១០ឆ្នាំ ទម្រាំបានល្បីឈ្មោះ ដូច្នេះហើយនាងមិនហ៊ានធ្វើអ្វីដែលអាចនាំដល់ការរិះគន់ខ្លាំងពីមហាជន ហើយដែលអាចធ្វើឱ្យប៉ះពាល់ដល់អាជីពទេ ។ ម៉ានិច និយាយថា «ប្រសិនបើសង្គមយើងមិនប្រកាន់ឈុតបែបនេះ គឺនាងខ្ញុំក៏អាចពិចារណា ប៉ុន្តែទាល់តែមានបច្ចេកទេសកាមេរ៉ាជួយកែសម្រួលឲ្យយើងខ្លះក៏ជាការល្អ» ៕
ប្រភព៖ កោះសន្តិភាព






