រន្ធត់ ! រថយន្ត​២​គ្រឿង​បុក​គ្នា ១៥​នាក់​ដេករ​ដូ​ល​រណែល​ពេញ​ផ្លូវ

ខេត្តកំពង់ចាម ៖ ​សេចក្តី​រាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​២​គ្រឿង​បាន​បោះពួយ​បុក​គ្នា​យ៉ាង​ពេញទំហឹង​កាលពី​វេលា​ម៉ោង​២ និង​១០​នាទី​រសៀល ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦ នៅ​លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ភូមិ​ទួល​បេង ឃុំ​ក្រឡា ស្រុក កំពង់សៀម បណ្ដាល​ឲ្យ​មនុស្ស​១៥​នាក់​រង​របួសធ្ងន់​ស្រាល​ដេក​រដូករណែល​ពេញ​ផ្លូវ ។
តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​កំពង់សៀម​បាន​ឲ្យ​ដឹង​ថា រថយន្ត​សាំង​យ៉ុ​ង ពាក់​ស្លាក​លេខ 2X-7263  ដឹក​អ្នកដំណើរ​ចេញពី​រាជធានី​ភ្នំពេញ​ក្នុង​គោលបំណង​ទៅ​កាន់​ខេត្តកំពង់ចាម ស្រប​ពេល​ដែល​បើក​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​បុក​គ្នា​យ៉ាង​ពេញទំហឹង​ជាមួយ​រថយន្ត​ធុន​ធំ​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-7146 បើក​បញ្ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​មនុស្ស​១៥​នាក់​រង​របួសធ្ងន់​និង​ស្រាល​ដេក​រដូករណែល​ពេញ​ផ្លូវត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​៧​ដេ និង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ចំណែក​អ្នក​បើករថយន្ត​ទាំង​២​គ្រឿង​បាន​ចុះ​រត់គេច​ខ្លួន​បាត់ ។
មន្ត្រី​នគរបាល​ចរាចរណ៍​ដដែល​ប្រាប់​បន្ត​ទៀត​ថា បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ជួយ​សំរួល​ចរាចរណ៍​មិន​មាន​មាន​ភាព​កកស្ទះ​នោះ​ទេ ។ បន្ទាប់​មក​បាន​អូស​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ។
សមត្ថកិច្ច​បញ្ជាក់​ថា ចំពោះ​ជន​រង​គ្រោះ​ទាំងអស់​នៅ​មិន​ទាន់​ដឹង​ពី​អត្តសញ្ញាណ និង​អាសយដ្ឋាន​នៅឡើយ​ទេ ដោយពេល​នេះ​ក្រុម​គ្រួ​ពេទ្យ​កំពុង​សង្គ្រោះ​នៅឡើយ ។
ប្រភព​ពី​កន្លែង​កើតហេតុ​ជំហាន​ដំបូង​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​គ្រោះថ្នាក់​ខាងលើ គឺ​សង្ស័យ​ថា​រថយន្ត​ធំ​បើក​វ៉ា​គេ​មិន​ផុត​ក៏​មក​បុក​រថយន្ត​ដឹក​អ្នកដំណើរ​ខាងលើ​លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​រងគ្រោះថ្នាក់​ធ្ងន់​និង​ស្រាល​រហូត​ដល់​ទៅ​១៥​នាក់ រួច​អ្នកបើកបរ​រថយន្ត​ទាំង​២​គ្រឿង​បាន​រត់គេច​ខ្លួន​បាត់ ៕
 
ប្រភព៖​ កោះសន្តិភាព
ស៊ែរបន្តទៅកាន់ Google Plus